យុវជនល្អគួរតែជាអ្នកដែលមានគុណធម៌ ចរិយាធម៌ ពោលគឺជាមនុស្សដែលមានធម៌ក្នុងការរស់នៅ។ តើយុវជនល្អ មានលក្ខណៈសម្បត្តិដូចម្ដេចខ្លះ?
យុវជនដែលល្អគឺជាយុវជនដែលមានលក្ខណៈចំនួន៥នេះគឺ
១.លះបង់ដើម្បីប្រយោជន៍រួម ដែលជាគុណធម៌សំខាន់មួយក្នុងការជួយឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខ ព្រោះបើសមាជិកក្នុងសង្គមមើលឃើញប្រយោជន៍រួមហើយសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន នឹងជួយឲ្យសង្គមជាតិរីកចម្រើនយ៉ាងឆាប់រហ័សនិងមានស្ថិរភាព
២.ការមានរបៀបវិន័យ និងមានទំនួលខុសត្រូវចំពោះតួនាទីការងារ ដែលនោះគឺជាគុណធម៌មួយជួយឲ្យសង្គមអាចរស់នៅជាមួយគ្នា ព្រោះបើសមាជិកគ្រប់រូបប្រកាន់ខ្ជាប់នូវរបៀបរបប និងវិន័យ ហើយចេះប្រើសិទ្ធិរបស់ខ្លួនឯង មិនរំលោភសិទ្ធិអ្នកដទៃ តាំងចិត្តប្រតិបត្តិការងារខ្លួនឲ្យល្អបំផុត នោះសង្គមនោះនឹងមានតែក្ដីសុខ មន្ត្រីរាជការគោរពតួនាទីបម្រើប្រជាពលរដ្ឋយ៉ាងគាប់ប្រសើរ។

៣.ភាពស្មោះត្រង់សុចរិត គឺជាគុណធម៌ដ៏មានសារសំខាន់ ព្រោះបើសមាជិកនៅក្នុងសង្គមប្រកាន់ខ្ជាប់នូវសុចរិតដូចជា មិនលួចទ្រព្យសម្បត្តិ មិនបៀតបៀនរបស់ទ្រព្យអ្នកដទៃ ឬសម្បត្តិរបស់ប្រទេសជាតិយកមកធ្វើជារបស់ខ្លួនឯង ពិសេសថ្នាក់ដឹកនាំមានភាពសុចរិតស្មោះត្រង់ នឹងធ្វើឱ្យសង្គមជាតិនោះមានតែភាពចម្រុងចម្រើនរុងរឿង ប្រជាជនរស់នៅប្រកបដោយក្ដីសុខ។
៤.សាមគ្គីភាព គឺសេចក្ដីស្រលាញ់ស្រុះស្រួលគ្នា ហើយរួមដៃគ្នាធ្វើការងារដើម្បីប្រយោជន៍រួម នោះនឹងធ្វើឱ្យសង្គមជាសង្គមមួយដែលរឹងមាំ តែបើមនុស្សក្នុងសង្គមមិនស្រុះស្រួលបែកបាក់សាមគ្គីទាំងការគិតនិងប្រតិបត្តិនឹងនាំឱ្យសង្គមទន់ខ្សោយ ហើយរលំរលាយនៅទីបំផុត។
៥. ចេះខ្លាចនិងអៀនខ្មាសសេចក្ដីអាក្រក់ ប្រសិនបើមនុស្សក្នុងសង្គមមានហិរិឱត្តប្បៈឬមានសេចក្ដីខ្មាសអៀននិងខ្លាចក្រែងអំពើបាប នោះសង្គមរស់នៅនឹងមានតែសេចក្ដីសុខ មនុស្សមានភាពសុចរិតមិនពុករលួយ មិនគិតតែប្រយោជន៍ខ្លួនឯងនិងបក្ខពួក ប៉ុន្តែគិតប្រយោជន៍រួមជាសំខាន់ នឹងធ្វើឱ្យប្រទេសជាតិអភិវឌ្ឍយ៉ាងឆាប់រហ័សហើយរឹងមាំ។
