មនុស្សគ្រប់រូបសុទ្ធតែចង់ក្លាយជាមនុស្សពូកែ ចង់ឱ្យអ្នកដទៃលើកសរសើរ និង ចង់បានអ្នកទៅរួមការងារជាមួយនៅក្នុងនក្រុមហ៊ុន អ្នកច្បាស់ជាមិនចង់ឱ្យអ្នកដទៃនិយាយពីក្រោយខ្នងអ្នកទេថា «មិនព្រមចឈប់តាំងពីយូរនៅទៅក៏នាំតែជាបន្ទុកក្រុមហ៊ុន»។ ប្រសិនបើអ្នកធ្លាប់អានសៀវភៅ The World is Flat របស់លោក Thomas L. Friedman ពិភពការងាររបស់មនុស្សអ្នកធ្វើការនឹងមិនអាចស្ថិតស្ថេរបានទេ បើអ្នកមិនចេះផ្លាស់ប្ដូរខ្លួនឯង មិនព្យាយាមសាងគុណតម្លៃឱ្យខ្លួនឯង។ សំនួរសួរថាតើយើងសាងគុណតម្លៃ ឱ្យខ្លួនឯងតាមរបៀបណា? ដើម្បីវិវត្តខ្លួនជាមនុស្សពូកែ មានតម្លៃសម្រាប់ក្រុមហ៊ុន ថ្ងៃចូរអ្នកសាកសង្កេតខ្លួនឯងថា តើអ្នកមានគុណសម្បត្តិរបស់មនុស្សពូកែហើយឬនៅ?

១. ជាមនុស្សស្វះស្វែងចង់ចេះដឹង ធ្វើខ្លួនជាចៃសៀវភៅ
មនុស្សយើងកើតមក មានមូលដ្ឋាននៃចំណេះដឹងមិនស្មើគ្នានោះទេ តែយើងអាចបន្ថែមចំណេះដឹងឱ្យខ្លួនឯងបាន ដោយវិធីងាយបំផុតនោះគឺការអានសៀវភៅ ព្រោះការអានសៀវភៅ ធ្វើឱ្យយើងពូកែឡើងយ៉ាងពិតប្រាកដ ដូចជានៅក្នុងជីវិតធ្វើការងារ ក្រុមហ៊ុនរំពឹងឱ្យអ្នកមានចំណេះដឹងសព្វគ្រប់ ស្ទាត់ជំនាញនៅក្នុងតួនាទីដែលអ្នកកំពុងតែទទួលខុសត្រូវ ហើយអ្វីទាំងអស់នេះកើតឡើងបានទាល់តែអ្នកសិក្សាបន្ថែម ស្វះស្វែង ហ្វឹកហាត់ជាប់ជានិច្ច ដូច្នេះសាកសួរខ្លួនឯងទៅមើលថា ថ្ងៃនេះអ្នកបានប្រើពេលវេលាអានសៀវភៅប៉ុន្មានម៉ោង ក្នុងមួយខែបានអានសៀវភៅប៉ុន្មានក្បាល? បើសិនមានមនុស្សសួរអ្នកថា សៀវភៅដែលអ្នកស្រលាញ់ ដែលជាសៀវភៅជំរុញទឹកចិត្តអ្នកគឺសៀវភៅមួយណា អ្នកអាចឆ្លើយតបសំនួរនេះបានឬអត់?
២. នៅក្បែរមនុស្សពូកែ!
ធ្លាប់មានគេនិយាយថា «ជីវិតអ្នកនឹងទៅជាបែបណា អាស្រ័យលើសៀវភៅដែលអ្នកអាន ផ្ទះដែលអ្នករស់នៅ មិត្តភក្តិដែលអ្នកសេពគប់» ដូច្នោះ បើសិនអ្នកចង់ក្លាយខ្លួនជាមនុស្សពូកែ អ្នកគួរតែរកអ្នកណាម្នាក់ ដែលជា Role Model មិនចាំបាច់តែមនុស្សម្នាក់នោះមានអាយុច្រើនជាងអ្នក មានបទពិសោធច្រើនជាងអ្នក ឬ មនុស្សមានតំណែងខ្ពស់ជាងអ្នក (ជួនកាលមនុស្សចាស់ឱ្យក្មេងមកបង្រៀនលេង Facebook ឬលេងហ្គេមក៏ថាបានដែរ) អ្វីដែលសំខាន់ គឺអ្នកត្រូវតែបើកចិត្តរៀនសូត្រពីអ្នកដទៃ ព្យាយាមនៅក្បែរមនុស្សពូកែៗ សិក្សា រៀនសូត្រពីគេ បើសិនជាមនុស្សនៅកន្លែងការងារ អ្នកអាចរៀនសូត្រការងារពីគេដូចជា Work Shadow ក៏បាន ព្រោះនឹងធ្វើឱ្យអ្នកកាន់តែពូកែក្នុងរយៈពេលខ្លី។
៣. កំណត់គោលដៅឱ្យច្បាស់លាស់
មនុស្សពូកែ ឬ មនុស្សជោគជ័យ គ្រប់គ្នារមែងមានចំណុចលេចធ្លោរបស់ខ្លួន ដែលមនុស្សទូទៅតែងតែនឹកដល់ដូចជា ពេលនិយាយពី Elon Musk មនុស្សនឹងនឹកដល់ឡាន Tesla និយាយពី Jack Ma មនុស្សនឹងនឹកដល់ Alibaba
ការពិតមនុស្សយើងមិនមែនល្អឥតខ្ចោះនោះទេ មានចំណុចខ្សោយ និង ចំណុចខ្លាំង ជានិច្ច ព្យាយាមស្វែងរកខ្លួនឯងឱ្យឃើញថា អ្វីដែលអ្នកចង់បាន (You Want) ហើយអ្វីដែលអ្នកអាចធ្វើបាន (You Can) ព្រោះបើសិនអ្នកស្វែងរកឃើញហើយនោះ ចូរកំណត់គោលដៅតែម្ដងទៅថា ខ្ញុំត្រូវតែពូកែរឿងនេះ ត្រូវតែជាពូកែរឿងនេះជាងគេបំផុត បន្ទាប់មកចាប់ផ្ដើមដើរតាមគោលដៅរបស់ខ្លួនឱ្យបានម៉ត់ចត់ ធានាថាភាពជោគជ័យប្រាកដជានៅមិនឆ្ងាយពីដៃអ្នកនោះទេ។
៤. ម៉ឺងម៉ាត់ អត់ធ្មត់ មិនចុះចាញ់
ភាពពូកែ អាចមិនមែនជាទេពកោសល្យពីកំណើត តែជាការស្វះស្វែងរក ដូចក្នុងសៀវភៅ Talent Code របស់ Daniel Coyle ក៏បានសរសេរដែឬថាមនុស្សដែលពូកែលំដាប់ពិភពលោក រមែងមកពីការហ្វឹកហាត់ម្ដងហើយម្ដងទៀត ទោះជានៅតាមផ្លូវនៃការហ្វឹកហាត់នោះគេជួបនឹងឧបសគ្គលំបាកបែបណា ធ្វើឱ្យចង់បោះបង់ចោលខ្លាំងយ៉ាងណា តែបើសិនយើងចង់ជោគជ័យ យើងត្រូវតែម៉ឺងម៉ាត់ លះបង់ ព្រោះពិភពលោកនេះ មិនមានអ្វីបានមកដោយទទេនោះទេ ចង់ជោគជ័យ ចង់ពូកែ ត្រូវតែហ៊ានលះបង់។
៥. មានទស្សនៈ និង គំនិតល្អៗ
មូលដ្ឋានគំនិតដែលធ្វើឱ្យអ្នកពូកែឡើងគឺ «ចាញ់គេបាន តែចាញ់ហើយត្រូវក្រោកឡើងវិញ» មនុស្សយើងមិនចាំត្រូវតែឈ្នះគ្រប់រឿងនោះទេ ទោះជាម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់ពិភពលោក មុននឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់គេធ្លាប់ចាញ់ច្រើនលើកច្រើនសារ មនុស្សយើងចាញ់បាន តែចិត្តយើងកុំចុះចាញ់ ដួលហើយត្រូវក្រោកឈរ ដូច្នេះចង់ធ្វើជាមនុស្សពូកែ មិនមែនទាល់តែល្អឥតខ្ចោះនោះទេ ខុសឆ្គងបាន ភ្លាត់ស្នៀតបាន តែត្រូវចេះរៀនសូត្រពីកំហុសឆ្គង ហើយព្យាយាម ក្រោកឡើងវិញឱ្យបានលឿន ហើយត្រលប់មកបន្តធ្វើការងារដែលយើងបានកំណត់គោលដៅទុក។
៦. មានគុណធម៌ជាចំបងក្នុងការប្រើប្រាស់ជីវិត
មនុស្សយើងពូកែតែមួយមុខមិនគ្រប់គ្រាន់នោះទេ គួរមានគោលការណ៍ក្នុងការប្រើប្រាស់ជីវិតផងដែរ មនុស្សពូកែតែមិនមានគោលការណ៍ច្បាស់លាស់ក្នុងការប្រើប្រាស់ជីវិត ចង់សម្រេចជោគជ័យគឺជារឿងពិបាក។ អ្វីដែលធ្វើឱ្យភាពពូកែរបស់យើងមើលឃើញច្បាស់ហើយស្ថិតស្ថេរបាននោះ គឺគោលការណ៍ក្នុងការប្រើប្រាស់ជីវិត ហើយគោលការណ៍ចំបងនោះគឺ គុណធម៌ ភាពល្អស្អាត នៅថ្ងៃណាមួយបើសិនអ្នកត្រូវសម្រេចចិត្តធ្វើនូវរឿងលំបាកណាមួយ ចូរសួរខ្លួនឯងថា អ្វីគឺជាគោលការណ៍របស់អ្នក
៧. មានជំនាញមូលដ្ឋានគ្រឹះ
មានមនុស្សធ្លាប់ប្រាប់ថា ជំនាញដែលធ្វើឱ្យមនុស្សយើងមានសមត្ថភាពអាចទៅណាមកណាក្នុងពិភពលោកនេះបានមាន៣ គឺ ទី១ ជំនាញធ្វើម្ហូប ទៅដល់ទីណាក៏មិនខ្លាចដាច់ពោះស្លាប់ ទី២ ជំនាញតន្ត្រី ដែលក្រៅពីជួយបន្ធូរបន្ថយភាពតានតឹងហើយនោះ នៅជួយឱ្យរកប្រាក់ចំណូលបានផងដែរ ទី៣ ជំនាញភាសាអង់គ្លេស ព្រោះមនុស្សភាគច្រើនក្នុងពិភពលោកនេះប្រើប្រាស់ភាសាអង់គ្លេសក្នុងទំនាក់ទំនង តែនៅក្នុងយុគសម័យនេះត្រូវបន្ថែមជំនាញ IT មួយមុខទៀត ព្រោះរាល់ថ្ងៃនេះ គ្រប់យ៉ាងស្ទើរតែជា Digital អស់ហើយ ដូចជាប្រើ Smartphone ក្នុងការស្វែងរកព័ត៌មានផ្សេងៗ ហើយបើអ្នកជាអ្នកពូកែភាសា ហើយនឹង IT ទៀតនោះនឹងធ្វើឱ្យអ្នកមានប្រៀបនៅកន្លែងធ្វើការ។
៨. កុំខ្លាចការងារពិបាកៗ
«Ability without opportunity is nothing» ពាក្យនេះបានន័យថា «មានសមត្ថភាព តែគ្មានឱកាស ស្មើនឹងទទេ» សមត្ថភាពដែលគ្មានឱកាសគឺដូចជាភាពទទេស្អាតដូច្នោះដែរ មនុស្សយើងមានឱកាសច្រើនយ៉ាង ដូចជា ឱកាសពីក្រុមហ៊ុន ដែលមានប្រព័ន្ធអភិវឌ្ឍមនុស្សឱ្យពូកែ ឱកាសដែលបានជួបនឹងចៅហ្វាយនាយល្អ អាចបង្វឹកនិងបង្កើតកម្លាំងចិត្តឱ្យយើងបាន ពិសេសណែនាំបច្ចេកទេសតិចនិក និងគាំទ្រ ហើយផ្ដល់ឱកាសការងារច្រើនយ៉ាង ការងារមានទំនួលខុសត្រូវកាន់តែខ្ពស់ ការងារកាន់តែពិបាក ការងារបែបនេះនឹងធ្វើឱ្យយើងធំធាត់ឡើង ព្រោះមនុស្សយើងកាន់តែចេះដឹងតាមរយៈបញ្ហានិងចំណោទដែលយើងបានជួបក្នុងជីវិតប្រចាំថ្ងៃ ហេតុនេះ ចូរកុំខ្លាចការងារពិបាក កុំខ្លាចការងារដែលមិនធ្លាប់ធ្វើ កុំខ្លាចការងារដែលគោលដៅស្ទើតែមិនអាចទៅរួច ព្រោះការងារទាំងនេះនឹងបង្វឹកឱ្យអ្នកពូកែដូចជាអ្នកពូកែៗផ្សេងទៀតជំនាន់ជាមួយអ្នក។
៩. បង្កើតទំនាក់ទំនងដើម្បីផ្លាស់ប្ដូរចំណេះដឹង
សុភាពសិតចិនពោលថា «បក្សីគ្មានរោម មនុស្សគ្មានមិត្ត មិនអាចឡើងដល់លើទីខ្ពស់» ការធំធាត់នៅក្នុងពិភពលោកគ្មានព្រំដែនដែលចំណេះដឹងមានច្រើនមហាសាលរហូតដល់អ្នកមិនអាចរៀនចេះអស់ យើងនឹងបានរៀនអ្វីថ្មីៗ តាមរូបបែបថ្មីណាមួយដូចជា Community of Practice ឬការកសាងទំនាក់ទំនងដើម្បីរៀនសូត្រលក្ខណៈសហគមន៍ដើម្បីផ្លាស់ប្ដូរបទពិសោធ ចំណេះដឹង រវាងគ្នានិងគ្នា រឿងអ្វីដែលអ្នកពូកែចូរចែករំលែក អ្វីដែលជាចំណុចខ្សោយចូររៀនសូត្រ កុំកំណាញ់ចំណេះដឹង ព្រោះចំណេះដឹងអ្នកកាន់តែចែករំលែកអ្នកនឹងកាន់តែពូកែ កុំខ្មាស់ដែលអ្នកមិនចេះ ឬហើយត្រូវហ៊ានរៀនសូត្របន្ថែមអ្វីដែលមិនចេះ ព្រោះនេះគឺជាវិធីធ្វើឱ្យអ្នកឆ្ពោះទៅកាន់ភាពជាមនុស្សពូកែ៕