ភ្នំពេញ ៖ កិច្ចប្រជុំនេះមានគោលបំណងចំនួនពីរសំខាន់។ ទី១ ដេីម្បីផ្សព្វផ្សាយអំពីក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.) នៃស.ស.យ.ក.។ ទី២ ដេីម្បីស្នេីសុំការគាំទ្រ និងកិច្ចសហការពីសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ក្នុងន័យរួមគ្នាធ្វេីសកម្មភាពអភិវឌ្ឍយុវជន។ នេះជាប្រសាសន៍បេីកកិច្ចប្រជុំពិភាក្សារបស់ ឯកឧត្ដម ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា នៃស.ស.យ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមកម្មវិធី Zoom។

ក្នុងនាមប្រធានគណៈប្រតិបត្តិនៃសមាគមគ្រឹះស្ថានឧតម្ដសិក្សាកម្ពុជា ឯកឧត្ដម បណ្ឌិត លី ឆេង បានសម្ដែងការសាទរចំពោះវត្តមានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា នៃស.ស.យ.ក.។ ក្នុងនាមផ្ទាល់ខ្លួន និងសមាគមជារួម ក៏ដូចជាបណ្ដាគ្រឹះស្ថានឧត្ដមសិក្សាឯកជនជាសមាជិកទាំង១១៨ ឯកឧត្ដម ប្ដេជ្ញាគាំទ្រ និងចូលរួមសហការគ្រប់សកម្មភាព ដេីម្បីសម្រេចគោលដៅអភិវឌ្ឍធនធានមនុស្សជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
មិនខុសគ្នាពីនេះ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ឯកឧត្ដម បណ្ឌិត ហេង វណ្ណដា ថ្លែងស្វាគមន៍ទទួលយកការស្នេីធ្វេីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា។ ឯកឧត្ដម សង្កត់ធ្ងន់ថា នេះជាការផ្ដល់តម្លៃ និងមេីលឃេីញនូវតួនាទីដ៏សំខាន់របស់សមាគម។ ជាងនេះ ឯកឧត្ដម ចាត់ទុកថា នេះជាការភ្ជាប់ទំនាក់ទំនងដ៏មានប្រសិទ្ធភាពរវាងអង្គទាំងពីរ ដែលពុំដែលមានពីមុនមក ឈរលេីស្មារតីលេីកកម្ពស់គុណភាពយុវជនកម្ពុជា។



បន្ទាប់ពីបានស្ដាប់ការលេីកឡេីងរបស់ឯកឧត្ដមទាំងពីររូបយ៉ាងយកចិត្តទុកដាក់ ឯកឧត្ដម សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សានៃស.ស.យ.ក. បានថ្លែងអំណរគុណដោយស្មោះ និងយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមទាំងពីររូប ព្រមទាំងថ្នាក់ដឹកនាំតាមគ្រឹះស្ថានឧត្ដមសិក្សាឯកជនទាំងអស់ ដែលតម្កល់ផលប្រយោជន៍រួម ប្ដេជ្ញាគាំទ្រ និងចូលរួមកិច្ចសហការជាប្រវត្តិសាស្ត្រមួយនេះ។ ទន្ទឹមនេះ ឯកឧត្ដមប្រធាន ស សុខា ក៏ទទួលយកនូវមតិ និងសំណូមពរនានា ដេីម្បីគោរពជូនឯកឧត្ដម ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជ្រាបផងដែរ។







អត្ថបទ ៖ ទូច សុឃៈ (សុខៈ)