សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២១នេះថា គន្លឹះដ៏សំខាន់មួយនៅកិច្ចប្រឹងប្រែងសង្គ្រោះអាយុជីវិតមនុស្សជាតិ តាមរយៈការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យ បានជោគជ័យ គឺការចែករំលែកវ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលការណ៍ «វ៉ាក់សាំងពហុភាគី និយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់ ។

ការថ្លែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះធ្វើឡើង ក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំតាមប្រព័ន្ធវីដេអូអនឡាញ ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ»។
សម្តេចហ៊ុន សែន បញ្ជាក់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យប្រទេស និង ទាំង គណបក្សនយោបាយទាំងអស់នៅលើពិភពលោក រួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ។
ក្នុងស្មារតីនេះសម្តេចបានរំលឹកទៅកាន់ គណបក្សនយោបាយទាំងអស់ថា ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការ ដណ្តើមអំណាចឱ្យខាងតែបានតាមគ្រប់មធ្យោបាយ ដោយមិនខ្វល់អំពីសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ និងសុខទុក្ខរបស់ប្រជាជននោះឡើយ៕


